លក្ខណៈទូទៅនៃបង្គោលទាន

លក្ខណៈទូទៅនៃបង្គោលទានៈ

យើងបានសិក្សាអំពីអ្វីទៅជា ”កា្រហ្វិកបង្គោលទាន” ពេលនេះយើងនឹងសិក្សាលំអិតអំពី ”បង្គោលទាន” និង សិក្សាអំពីរបៀបប្រើប្រាស់បង្គោលទាននេះអោយប្រសិទ្ធភាព ។

ជំហ៊ានដំបូងយើងត្រូវយល់អំពីបង្គោលទានមួយដើមបានផ្តល់ទិន្នន័យអ្វីខ្លះដល់យើង ខាងក្រោមនេះជាការពណ៌នាអំពីបង្គោលទានមួយដើមៈ

បង្គោលទាន Bullish          បង្គោលទាន Bearish

បង្គោលទាន Bullish: នៅក្នុងទីផ្សារហិរញ្ញវត្ថុ អត្ថន័យរបស់ Bullish​ គឺសំដៅទៅលើបំរែបំរួលកើនឡើងរបស់តម្លៃ (យើងយកពណ៌សជាតំណាងអោយបង្គោលទាន Bullish) ។ ដូចដែលយើងបានសិក្សារួចមកហើយ បើយើងគិតថាតម្លៃអាចនឹងកើនឡើង នោះយើងនឹងបញ្ជាទិញ ។​​ ដូច្នេះបង្គោលទាន Bullish គឺជាសណ្ឋានបង្គោលទានទាំងឡាយណាដែលកើតឡើងនៅពេលដែលតម្លៃឡើងថ្លៃ ។

បង្គោលទាន Bearish: នៅក្នុងទីផ្សារហិរញ្ញវត្ថុ អត្ថន័យរបស់ Bearish​ គឺសំដៅទៅលើបំរែបំរួលធ្លាក់ចុះរបស់តម្លៃ ។ ដូចដែលយើងបានសិក្សារួចមកហើយ បើយើងរំពឹងគិតថាតម្លៃអាចនឹងធ្លាក់ចុះ នោះយើងនឹងបញ្ជាលក់ ។​​ ដូច្នេះ​បង្គោលទាន Bearish គឺជាសណ្ឋាន បង្គោលទានទាំងឡាយណាដែលកើតឡើងនៅពេលដែលតម្លៃធ្លាក់ចុះ (យើងយកពណ៌ក្រហមជាតំណាងអោយបង្គោលទាន Bearish)។

ខ្លួនបង្គោលទាន: ខ្លួនបង្គោលទាន គឺជាចន្លោះរវាងតម្លៃបើក និង តម្លៃបិទ របស់ បង្គោលទានមួយដើម ។ បើសិនជាខ្លួនបង្គោលទានមានពណ៌ស នោះមានន័យថា តម្លៃបិទរបស់ បង្គោលទាន ខ្ពស់ជាងតម្លៃបើក​។ បើសិនជា បង្គោលទាន មានពណ៍ក្រហម នោះមានន័យថា តម្លៃបិទរបស់ បង្គោលទាន ទាបជាងតម្លៃបើករបស់វា​។

ឧទាហរណ៍1: យើងកំពុងមើល កា្រហ្វិកជាបង្គោលទាន ​រយៈពេល 1 ម៉ោង របស់ EUR/USD ។ វាបើកនៅតម្លៃ 1.4200 ហើយកើនឡើងបាន 100 Pips និង បិទទៅវិញនៅតម្លៃ 1.4300 នោះយើងនឹងទទួលបាន បង្គោលទានដែលមានខ្លួនពណ៌ស (Bullish Body)​ ។

ឧទាហរណ៍2: យើងកំពុងមើល កា្រហ្វិកជាបង្គោលទាន​ រយៈពេល 1 ម៉ោង របស់ EUR/USD ។ វាបើកនៅតម្លៃ 1.4200 ហើយធ្លាក់ចុះ 100 Pips និង បិទទៅវិញនៅតម្លៃ 1.4100 នោះយើងនឹងទទួលបាន បង្គោលទានដែលមានខ្លួនពណ៌ក្រហម (Bearish Body)​ ។

Wicks (ឬ ស្រមោល): ស្រមោលខាងលើ ឬ ខាងក្រោម​តំណាងអោយចំណុចខ្ពស់បំផុត ឬ ទាបបំផុត ដែល បង្គោលទាន បានឡើងទៅដល់​ ឬ ធ្លាក់ចុះដល់ ក្នុងរយៈពេលកំណត់ណាមួយ ។

ពេលនេះយើងសង្ខេបមកវិញពីអ្វីដែលយើងបានរៀនអំពីបង្គោលទាន:

  • យើងបានដឹងអំពី ទំហំពេលវេលារបស់ Forex មានច្រើនប្រភេទខុសៗគ្នា ចាប់ពី 1 នាទី ដល់ 1 ខែ។
  • បង្គោលទាន Bullish កើតមានឡើងនៅពេលដែលតម្លៃរំកិលឡើងទៅលើ ។ ប្រសិនបើអ្នកជួញដូរបញ្ជាទិញ នោះគឺគេចង់អោយមាន បង្គោលទាន bullish កើតឡើង ។
  • បង្គោលទាន Bearish កើនមានឡើងនៅពេលដែលតម្លៃរំកិលចុះក្រោម ។ ប្រសិនបើអ្នកជួញដូរបញ្ជាលក់ នោះគឺគេចង់អោយមាន បង្គោលទាន bearish ​កើតឡើង ។
  • បង្គោលទានកើតមានឡើងពីបង្គុំនៃ ខ្លួនបង្គោលទាន និង ស្រមោលបង្គោលទាន ។ ខ្លួនបង្គោលទាន គឺបង្ហាញពីចំនួន​ pips ដែលកើតឡើងនៅចន្លោះតម្លៃបើក និង តម្លៃបិទ ។ រីឯ ស្រមោល គឺបង្ហាញពីចំនុចខ្ពស់បំផុត ឬ ទាបបំផុតនៃតម្លៃដែលឡើងទៅដល់​ ឬ ធ្លាក់ចុះដល់ ។
  • ចំណុចបើក និង បិទរបស់ បង្គោលទាន និមួយៗខុសៗគ្នា គឺអាស្រ័យទៅលើទំហំពេលវេលាដែលយើងប្រើ ។ បើយើងប្រើទំហំពេលវេលា 4 ម៉ោង នោះបង្គោលទាននិមួយៗកើតឡើងរាល់ 4 ម៉ោងម្តង ។ បើយើងប្រើទំហំពេលវេលា ​ 1 ម៉ោង នោះបង្គោលទាន និមួយៗកើតឡើងរាល់ 1 ម៉ោងម្តង ។

ខាងលើនេះ គឺជាទំរង់ទូទៅរបស់​បង្គោលទាន បន្តទៅទៀតយើងនឹងសិក្សាស៊ីជំរៅ​ អំពី”គំរូ បង្គោលទាន”